images (17)

តារាសាគរទីក្រុងឋានសួគ៌៖ ពីតំបន់ឆ្នេរស្ងាត់ជ្រងំ ទៅជាទីក្រុងទំនើបប្រចាំអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៦

តំបន់វិស្សមកាលតារាសាគរ ដែលធ្លាប់តែជាទីស្ងាត់ជ្រងំក្បែរសមុទ្រ បានប្រែក្លាយខ្លួនយ៉ាងពេញលេញជាទីក្រុងថ្មីដ៏ទំនើប និងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ឈានចូលដល់ឆ្នាំ២០២៦ នេះ តារាសាគរក្នុងខេត្តកោះកុង គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍលឿនបំផុតនៅក្នុងប្រទេសកម្ពុជា ខណៈហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សជាច្រើនបានលេចរូបរាង និងកំពុងប្រតិបត្តិការយ៉ាងសកម្ម ដែលជំរុញឱ្យតំបន់នេះក្លាយជាកូនទីក្រុងដ៏ឆើតឆាយពិតប្រាកដ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគឺជាជោគជ័យដ៏ធំធេង។ គម្រោងតារាសាគរបានសាងសង់ផ្លូវថ្នល់ខ្វាត់ខ្វែងជាង ៣០០ គីឡូម៉ែត្រ រួមទាំង “វិថីភូថង” ប្រវែងជាង ៦៨ គីឡូម៉ែត្រ ដែលជាវិថីកម្រិតខ្ពស់មានផ្លូវពីរទិសបួនគន្លង។ វិថីនេះតភ្ជាប់យ៉ាងរលូនពីផ្លូវជាតិលេខ៤៨ (ដែលបានពង្រីក និងបើកឱ្យប្រើប្រាស់ជាស្ថាពរ១០០%កាលពីឆ្នាំ២០២៥) ទៅកាន់ផ្លូវជាតិលេខ៤ និងតភ្ជាប់ផ្ទាល់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ការតភ្ជាប់ខ្វាត់ខ្វែងនេះ បានកាត់បន្ថយពេលវេលាធ្វើដំណើរពីភ្នំពេញមកកាន់តារាសាគរ មកនៅត្រឹមចន្លោះពេលប្រមាណ ២ ម៉ោងប៉ុណ្ណោះ។

ទីលានវាយកូនហ្គោលខ្នាតអន្តរជាតិ ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិកម្រិត ៣៦ ឡូ បានបើកដំណើរការយ៉ាងពេញលេញ និងតែងតែជាទីតាំងពេញនិយមសម្រាប់កីឡាករជាតិ និងអន្តរជាតិ។ ទីលាននេះធ្លាប់បានរៀបចំព្រឹត្តិការណ៍ប្រកួតធំៗជាច្រើន តាំងពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ មកម៉្លេះ ហើយបន្តទាក់ទាញកីឡាករអាជីព អ្នកជំនួញ និងភ្ញៀវទេសចរកម្រិតខ្ពស់មកកម្សាន្តឥតដាច់។

មជ្ឈមណ្ឌលកម្សាន្ត និងកាស៊ីណូ មជ្ឈមណ្ឌលកម្សាន្ត និងកាស៊ីណូដ៏ធំទូលាយនៅលើផ្ទៃដី ១០ ៥០០ ម៉ែត្រការ៉េ បានបើកដំណើរការស្វាគមន៍ភ្ញៀវយ៉ាងកុះករ។ ទីតាំងនេះត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ រួមមានតុល្បែង VIP ទូហ្គេមរាប់សិបគ្រឿង និងភោជនីយដ្ឋានលំដាប់ខ្ពស់ ដែលប្រតិបត្តិការស្របគ្នាជាមួយសណ្ឋាគារប្រណីតផ្កាយ៥ និងបឹងកាឡូសម្រាកលំហែប្រកបដោយផាសុកភាព។

ព្រលានយន្តហោះអន្តរជាតិតារាសាគរ សមិទ្ធផលដ៏លេចធ្លោបំផុត គឺអាកាសយានដ្ឋានអន្តរជាតិតារាសាគរកម្រិត 4F ដែលបានបើកដំណើរការជើងហោះហើរពាណិជ្ជកម្មជាផ្លូវការតាំងពីចុងឆ្នាំ២០២៤។ បច្ចុប្បន្ន ព្រលានយន្តហោះនេះកំពុងប្រតិបត្តិការជើងហោះហើរក្នុងស្រុកជាប្រចាំរៀងរាល់សប្តាហ៍ ហើយកំពុងពង្រីកការហោះហើរទៅមកបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីក្រុងធំៗនានា។ អាកាសយានដ្ឋាននេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្មសមុទ្រកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

កំពង់ផែទឹកជ្រៅ គម្រោងសាងសង់កំពង់ផែទឹកជ្រៅខ្នាតធំ និងកំពង់ផែនាវាចំណុះ ២ ម៉ឺនតោន កំពុងបង្ហាញរូបរាងយ៉ាងប្រត្យក្ស និងឈានទៅរកការបញ្ចប់ជាស្ថាពរ។ កំពង់ផែនេះជាបណ្តុំគមនាគមន៍ផ្លូវទឹកដ៏សំខាន់ ដែលជួយសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចតំបន់ឆ្នេរ។

ប្រព័ន្ធថាមពល និងទឹកស្អាត ដើម្បីធានាដល់ការរស់នៅនិងការវិនិយោគ ស្ថានីយចែកចាយអគ្គិសនីខ្នាតធំ រួមជាមួយបណ្តាញអគ្គិសនីពីអគ្គិសនីកម្ពុជា (EDC) ត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងមានស្ថិរភាព គ្របដណ្តប់លើផ្ទៃដីអភិវឌ្ឍន៍ជាង ៦ ០០០ ហិកតា។ ចំណែកឯប្រព័ន្ធទឹកសាបវិញ ទំនប់ទឹកសាបខ្នាតធំដែលមានសមត្ថភាពស្តុកទឹកបានរាប់លានម៉ែត្រគូប ព្រមទាំងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ត្រូវបានពង្រីកសមត្ថភាពផ្គត់ផ្គង់យ៉ាងពេញលេញសម្រាប់សណ្ឋាគារ តំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានទាំងមូល។

ទូរគមនាគមន៍ និងបច្ចេកវិទ្យាទីក្រុងវៃឆ្លាត ប្រព័ន្ធទូរគមនាគមន៍នៅតារាសាគរត្រូវបានបំពាក់ដោយបណ្តាញអុបទិក (Fiber Optic) និងអង់តែនទូរគមនាគមន៍ទំនើបៗ ដើម្បីធានាបាននូវការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន។ ឈានចូលឆ្នាំ២០២៦ នេះ ការធ្វើសមាហរណកម្មបច្ចេកវិទ្យា 5G ទៅក្នុងប្រព័ន្ធគ្រប់គ្រងទីក្រុងវៃឆ្លាត កំពុងផ្តល់ភាពងាយស្រួលប្រកបដោយនវានុវត្តន៍សម្រាប់ការរស់នៅ និងការគ្រប់គ្រងតំបន់។

ក្រៅពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ តារាសាគរកំពុងបន្តពង្រីកសួនកម្សាន្តខ្នាតអន្តរជាតិ អគារពាណិជ្ជកម្មខ្ពស់ៗប៉្របមាត់សមុទ្រ និងតំបន់លំហែកាយជាច្រើនទៀត។ គួរបញ្ជាក់ថា គម្រោងតារាសាគរ-ឈូងសមុទ្រវែង គ្របដណ្តប់ផ្ទៃដីទំហំ ២០០ ហិកតា ហ៊ុំព័ទ្ធដោយភ្នំនិងសមុទ្រ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ការអភិវឌ្ឍដ៏ជឿនលឿននេះ បានបញ្ជាក់យ៉ាងច្បាស់ថា តារាសាគរមិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាទីក្រុងឋានសួគ៌ប្រកបដោយសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងការវិនិយោគ។

អត្ថបទ៖ ទេព សោភ័ណ្ឌ

Leave a Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *