edd47aaa 0557 4f4e ac98 d140be3bf3a7

រមណីយដ្ឋានទេសចរណ៍ទាំង១០ ក្នុងខេត្តកោះកុង

ខេត្តកោះកុង មានចម្ងាយប្រហែលជា ២៧១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយជាខេត្តមួយស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិ អាចទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ។ ថ្ងៃនេះខ្ញុំសូមណែនាំកន្លែងទេសចរណ៍ទាំង១០ ក្នុងខេត្តកោះកុងដែលពុំគួរមើលរំលង មានដូចជា៖

១. ទឹកធ្លាក់តាតៃ

គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ ទឹកធ្លាក់តាតៃ គឺមានតំបន់រមណីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាពបរិសុទ្ធ ស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង តាមផ្លូវជាតិលេខ៤៨ ហើយប្រជាជននៅទីនោះប្រកបមុខរបរជាអ្នកនេសាទ និងការប្រមាញ់។

២. កោះស្តេច

អ្នកអាចគយគន់ទេសភាពនៅពេលថ្ងៃលិចដ៏ស្រទន់ ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុស ជាពិសេសទឹកសមុទ្រដ៏ខៀវស្រងាត់ផងដែរ។ នៅទីនោះសម្រាប់ភ្ញៀវបរទេសភាគច្រើនចូលចិត្តការហែលទឹកលេងកម្សាន្ត និងស្ទួចត្រីនៅលើទូកអ្នកនេសាទ ឬទូកទេសចរណ៍។ ក្រៅពីនេះ ក៏មានកន្លែងកម្សាន្តជាច្រើនទៀតដូចជា វាយកូនហ្គោល ឆ្នេរសមុទ្រដែលបានកែច្នៃដ៏ស្រស់ស្អាត ការជិះកង់កម្សាន្តជុំវិញកោះ និងការដើរលេងកម្សាន្តនៅតាមជ្រលងភ្នំជាលក្ខណៈផ្សងព្រេង។

៣. ឆ្នេរនេសាទ

ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសម្រាកកាយ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចកម្សាន្តលើខ្សាច់សស្អាត មានដើមដូងដុះអមសងខាង ព្រមទាំងទស្សនាសម្រស់ព្រះសុរិយាអស្តង្គត និងរលកសមុទ្រព្រិចៗ។ ពិសេសជាងនេះទៅទៀត យើងក៏អាចស្នាក់នៅ និងញ៉ាំអាហារ-ភេសជ្ជៈជាលក្ខណៈគ្រួសារ ឬមិត្តភក្តិយ៉ាងសប្បាយរីករាយនៅប្របមាត់សមុទ្រផងដែរ។

៤. ឆ្នេរផ្កាយ៧

មានឆ្នេរខ្សាច់ស ទឹកថ្លាមើលឃើញបាត ទេសភាពស្អាត និងមានភាពស្ងប់ស្ងាត់ល្អ ឆ្នេរនេះស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

៥. ពាមក្រសោប (ព្រៃកោងកាង)

សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ទីនោះដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥នាទីប៉ុណ្ណោះ។ តំបន់នេះគឺជាគោលដៅអេកូទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុត ដែលទទួលភ្ញៀវទេសចររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

៦. ឆ្នេរបារាំង

ឆ្នេរមួយនេះស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ បើសិនជាមកលេងតំបន់តាតៃ កុំភ្លេចមកទស្សនាវាលខ្សាច់សដ៏ស្រស់ស្អាតនេះ ដោយអាចជិះទូកចេញពីគល់ស្ពានតាតៃចំណាយពេលប្រហែល ២ម៉ោង ព្រមទាំងបានគយគន់ទេសភាពតាមដងព្រែក ជិះទូកកាយ៉ាក រាវខ្យងស្លាបអាំងញ៉ាំ និងដើរលេងក្នុងព្រៃកោងកាង។

៧. ភ្នំម្រេចកង្កែប អារ៉ែង

ភ្នំម្រេចកង្កែប ជាឋានសួគ៌ធម្មជាតិដ៏ស្រស់ស្អាត ស្ថិតក្នុងតំបន់អារ៉ែង នៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង (សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង) ក្នុងភូមិសាស្ត្រខេត្តកោះកុង។

៨. អូរទឹកវេទ តំបន់ជីផាត

រមណីយដ្ឋានទឹកធ្លាក់ជីផាត មានភាពស្រស់ស្អាតខ្លាំងណាស់ ផ្តល់នូវភាពស្ងប់ស្ងាត់ និងភាពទាក់ទាញដែលធ្វើឱ្យអ្នកទៅហើយមានការចងចាំមិនរីងស្ងួត ស្ថិតនៅក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

៩. កោះស្រឡៅ

កោះស្រឡៅ ស្ថិតក្នុងខេត្តកោះកុង ដែលអាចធ្វើដំណើរតាមរយៈទូកទេសចរណ៍ពីស្ពានតាតៃ ដោយប្រើពេលជាង ២ម៉ោង ទើបទៅដល់សហគមន៍កោះដ៏គួរឱ្យទាក់ទាញនេះ។

១០. ឆ្នេរកោះកុងក្រៅ

ឆ្នេរកោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវទឹកដោយចំណាយពេលប្រមាណ ៤០នាទី។ កោះនេះមានផ្ទៃដីប្រមាណ ៨០គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល ៤១០ម៉ែត្រ ហ៊ុមព័ទ្ធដោយទឹកសមុទ្រខៀវស្រងាត់ សម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងមានឆ្នេរខ្សាច់ស្អាតៗចំនួន ៥កន្លែងសម្រាប់កម្សាន្ត។ សព្វថ្ងៃ តំបន់កោះកុងក្រៅស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។

អត្ថបទដោយ៖ ទេព សោភ័ណ្ឌ

ផែនទីរមណីយដ្ឋានទេសចរណ៍ខេត្តកោះកុង
ផែនទីបង្ហាញទីតាំងខេត្តកោះកុង
This content is blocked because it would connect to Google Maps.

Leave a Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *