ខេត្តកោះកុង | ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ — នៅស្រុកគិរីសាគរ ខេត្តកោះកុង បានរៀបចំ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ សម្រាប់ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីពី លោក ឡៅ ប៊ុនខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាលខេត្ត។
សិក្ខាសាលាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរដ្ឋបាលស្រុក ឃុំ មន្ទីរ អង្គភាពជំនាញ សាខាជុំវិញខេត្ត អង្គការសង្គមស៊ីវិល និងការិយាល័យពាក់ព័ន្ធ សរុប ៥៦នាក់ ក្នុងនោះស្ត្រី ១១នាក់។
សិក្ខាសាលាមានគោលបំណងពិនិត្យ និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍ កំណត់អាទិភាពគម្រោង និងពិនិត្យលទ្ធភាពគាំទ្រធនធាន ដើម្បីធានាឱ្យកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងទិសដៅអភិវឌ្ឍន៍មូលដ្ឋាន។
តាមលទ្ធផលនៃការពិនិត្យ រដ្ឋបាលស្រុក និងឃុំទាំង៣ បានដាក់ស្នើគម្រោងសរុប ៣១៨គម្រោង ក្នុងនោះទទួលបានការគាំទ្រសរុប ៣៣គម្រោង ស្មើនឹង ១០,៣៨%។
ក្នុងចំណោមនេះ រដ្ឋបាលស្រុកបានដាក់ស្នើ ៩០គម្រោង និងទទួលបានការគាំទ្រ ៤គម្រោង ស្មើ ៤,៤៤% ក្នុងនោះ ៣គម្រោងក្នុងគម្រោង និង ១គម្រោងក្រៅគម្រោង។
ចំណែកឃុំទាំង៣ រួមមាន៖ ឃុំកោះស្តេច ដាក់ស្នើ ៨៣គម្រោង ទទួលបានការគាំទ្រ ៨គម្រោង ស្មើ ៩,៦៤%; ឃុំភ្ញីមាស ដាក់ស្នើ ៧៦គម្រោង ទទួលបានការគាំទ្រ ១២គម្រោង ស្មើ ១៥,៧៩% និង ឃុំព្រែកខ្សាច់ ដាក់ស្នើ ៦៩គម្រោង ទទួលបានការគាំទ្រ ៩គម្រោង ស្មើ ១៣,០៤%។
ជាលទ្ធផល សិក្ខាសាលាបានផ្តោតលើការបន្តកែលម្អគុណភាពសំណើគម្រោង កំណត់អាទិភាពតាមតម្រូវការជាក់ស្តែង ពង្រឹងកិច្ចសហការរវាងស្រុក ឃុំ មន្ទីរ អង្គភាព និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបន្តកៀរគរធនធានសម្រាប់គម្រោងដែលមានអាទិភាព ប៉ុន្តែមិនទាន់ទទួលបានការគាំទ្រ។
សិក្ខាសាលានេះ គឺជាយន្តការសំខាន់ក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឱ្យមានប្រសិទ្ធភាព សមស្រប និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕











