photo 2026 10 07 16 32 53

ស្រុកកោះកុង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩

ខេត្តកោះកុង | ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ — នៅស្រុកកោះកុង ខេត្តកោះកុង បានរៀបចំ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ សម្រាប់ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីពី លោក ឡៅ ប៊ុនខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាលខេត្ត។

សិក្ខាសាលាមានការអញ្ជើញចូលរួមពី លោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ មន្ទីរ អង្គភាពជំនាញ សាខាជុំវិញខេត្ត អង្គការសង្គមស៊ីវិល និងការិយាល័យពាក់ព័ន្ធ សរុប ៦៩នាក់ ក្នុងនោះស្ត្រី ១៤នាក់។

សិក្ខាសាលាមានគោលបំណងពិនិត្យ និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍ កំណត់អាទិភាពគម្រោង និងពិនិត្យលទ្ធភាពគាំទ្រធនធាន ដើម្បីឱ្យកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងទិសដៅអភិវឌ្ឍន៍មូលដ្ឋាន។

តាមលទ្ធផលនៃការពិនិត្យ រដ្ឋបាលស្រុក និងឃុំទាំង៤ បានដាក់ស្នើគម្រោងសរុប ៤៥៨គម្រោង ក្នុងនោះទទួលបានការគាំទ្រសរុប ៩១គម្រោង ស្មើនឹង ១៩,៨៧%។

ក្នុងចំណោមនេះ រដ្ឋបាលស្រុកបានដាក់ស្នើ ៧១គម្រោង និងទទួលបានការគាំទ្រ ១៥គម្រោង ស្មើ ២១,១៣%។ ឃុំត្រពាំងរូងបានដាក់ស្នើ ១២៩គម្រោង ទទួលបានការគាំទ្រ ២៧គម្រោង ស្មើ ២០,៩៣%។ ឃុំតាតៃក្រោម ដាក់ស្នើ ១១៥គម្រោង ទទួលបានការគាំទ្រ ៩គម្រោង ស្មើ ៧,៨៣%។ ឃុំកោះកាពិ ដាក់ស្នើ ៨០គម្រោង ទទួលបានការគាំទ្រ ២១គម្រោង ស្មើ ២៦,២៥% និងឃុំជ្រោយប្រស់ ដាក់ស្នើ ៦៣គម្រោង ទទួលបានការគាំទ្រ ១៩គម្រោង ស្មើ ៣០,១៦%។

ក្នុងនោះ គម្រោងដែលទទួលបានការគាំទ្រសរុប ៩១គម្រោង រួមមាន ៦៦គម្រោងក្នុងគម្រោង និង ២៥គម្រោងក្រៅគម្រោង។

ជាលទ្ធផល សិក្ខាសាលាបានផ្តោតលើការបន្តកែលម្អគុណភាពសំណើគម្រោង កំណត់អាទិភាពតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ពង្រឹងកិច្ចសហការរវាងស្រុក ឃុំ មន្ទីរ អង្គភាព និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបន្តកៀរគរធនធានសម្រាប់គម្រោងដែលមានអាទិភាព ប៉ុន្តែមិនទាន់ទទួលបានការគាំទ្រ។

សិក្ខាសាលានេះ គឺជាយន្តការសំខាន់ក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

Leave a Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *