photo 2026 10 07 11 00 05

ស្រុកថ្មបាំង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩

ខេត្តកោះកុង | ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ — នៅស្រុកថ្មបាំង ខេត្តកោះកុង បានរៀបចំ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ សម្រាប់ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីពី លោក ឡៅ ប៊ុនខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាលខេត្ត។

សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរដ្ឋបាលស្រុក ឃុំ មន្ទីរ អង្គភាពជំនាញ សាខាជុំវិញខេត្ត អង្គការសង្គមស៊ីវិល និងការិយាល័យពាក់ព័ន្ធ សរុប ៧៣នាក់ ក្នុងនោះស្ត្រី ១៣នាក់។

សិក្ខាសាលាមានគោលបំណងពិនិត្យ និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍ កំណត់គម្រោងអាទិភាព និងពិនិត្យលទ្ធភាពគាំទ្រធនធាន ដើម្បីធានាឱ្យកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងទិសដៅអភិវឌ្ឍន៍មូលដ្ឋាន។

តាមលទ្ធផលនៃការពិនិត្យ រដ្ឋបាលស្រុក និងឃុំទាំង៦ បានដាក់ស្នើគម្រោងសរុប ២៦៥គម្រោង ក្នុងនោះមាន ៤៥គម្រោង ទទួលបានការគាំទ្រ ស្មើនឹង ១៦,៩៨% នៃគម្រោងដែលបានដាក់ស្នើ។

ក្នុងចំណោមគម្រោងទាំងនេះ រដ្ឋបាលស្រុកបានដាក់ស្នើ ៣៣គម្រោង និងទទួលបានការគាំទ្រ ៩គម្រោង ស្មើ ២៧,២៧%។ ឃុំតាទៃលើទទួលបានការគាំទ្រខ្ពស់ជាងគេ ដោយមាន ១៧គម្រោង ក្នុងចំណោម ៤៤គម្រោង ស្មើ ៣៨,៦៤%។ បន្ទាប់មក ឃុំថ្មដូនពៅទទួលបាន ៥គម្រោង ក្នុងចំណោម ៣៨គម្រោង ស្មើ ១៣,១៦% ខណៈឃុំជំនាប់ និងឃុំជីផាត ទទួលបាន ៤គម្រោងក្នុងមួយឃុំ។

ជាលទ្ធផល សិក្ខាសាលាបានផ្តោតលើការបន្តកែលម្អគុណភាពសំណើគម្រោង កំណត់អាទិភាពតាមតម្រូវការជាក់ស្តែង ពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបន្តកៀរគរធនធានសម្រាប់គម្រោងដែលមានអាទិភាព ប៉ុន្តែមិនទាន់ទទួលបានការគាំទ្រ។

សិក្ខាសាលានេះ គឺជាយន្តការសំខាន់ក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឱ្យមានប្រសិទ្ធភាព សមស្រប និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

Leave a Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *