photo 2026 10 06 16 54 53

ស្រុកមណ្ឌលសីមា៖ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩

កោះកុង | ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ — នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង បានរៀបចំ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីពី លោក ឡៅ ប៊ុនខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាលខេត្ត។

សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍ កំណត់អាទិភាព និងស្វែងរកប្រភពធនធានសម្រាប់គាំទ្រការអនុវត្តគម្រោង។

តាមលទ្ធផលនៃការពិនិត្យ រដ្ឋបាលស្រុក និងឃុំទាំង៣ បានដាក់ស្នើគម្រោងសរុប ៥៨៥ គម្រោង ក្នុងនោះមាន ៨៣ គម្រោង ទទួលបានការគាំទ្រ ស្មើនឹង ១៤,១៩%។

ក្នុងចំណោមនេះ រដ្ឋបាលស្រុកមណ្ឌលសីមា បានដាក់ស្នើ ១៨៥ គម្រោង និងទទួលបានការគាំទ្រ ៩ គម្រោង ស្មើ ៤,៨៦%។ ឃុំប៉ាក់ខ្លង ដាក់ស្នើ ១៤៤ គម្រោង ទទួលបានការគាំទ្រ ២៩ គម្រោង ស្មើ ២០,១៤%។ ឃុំពាមក្រសោម ដាក់ស្នើ ១៦៨ គម្រោង ទទួលបានការគាំទ្រ ២៤ គម្រោង ស្មើ ១៤,២៩% និងឃុំទទួលគគីរ ដាក់ស្នើ ៨៨ គម្រោង ទទួលបានការគាំទ្រ ២១ គម្រោង ស្មើ ២៣,៨៦%។

ជាលទ្ធផល សិក្ខាសាលាបានផ្តោតលើការបន្តកែលម្អគុណភាពសំណើគម្រោង កំណត់អាទិភាពតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ពង្រឹងកិច្ចសហការរវាងស្រុក ឃុំ មន្ទីរ អង្គភាព និងដៃគូអភិវឌ្ឍន៍ ព្រមទាំងពង្រឹងការកៀរគរធនធានសម្រាប់គម្រោងដែលមានអាទិភាព ប៉ុន្តែមិនទាន់ទទួលបានការគាំទ្រ។

សិក្ខាសាលានេះ គឺជាយន្តការសំខាន់ក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឱ្យមានភាពសមស្រប ប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

Leave a Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *