photo 2026 10 06 09 06 23

ក្រុងខេមរភូមិន្ទ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩

កោះកុង | ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ — នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានរៀបចំ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីពី លោក ឡៅ ប៊ុនខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាលខេត្ត។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុង សង្កាត់ មន្ទីរ អង្គភាពជំនាញ សាខាជុំវិញខេត្ត និងការិយាល័យពាក់ព័ន្ធ សរុប ៧១ រូប ក្នុងនោះស្ត្រី ១៨ រូប។

សិក្ខាសាលាមានគោលបំណងពិនិត្យ និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍របស់ក្រុង និងសង្កាត់ កំណត់គម្រោងអាទិភាព ពិនិត្យលទ្ធភាពគាំទ្រធនធាន និងធានាឱ្យគម្រោងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងទិសដៅអភិវឌ្ឍន៍មូលដ្ឋាន។

តាមលទ្ធផលនៃការពិនិត្យ និងសមាហរណកម្ម រដ្ឋបាលក្រុង និងសង្កាត់ទាំង៣ បានដាក់ស្នើគម្រោងសរុប ៣៥៤ គម្រោង ក្នុងនោះ ១៤៣ គម្រោង ទទួលបានការគាំទ្រ ស្មើនឹង ៤០,៤០%។

ក្នុងចំណោមនេះ រដ្ឋបាលក្រុងបានដាក់ស្នើ ១០៣ គម្រោង និងទទួលបានការគាំទ្រ ៤៩ គម្រោង ស្មើ ៤៧,៥៧%។ ចំណែកសង្កាត់ស្មាច់មានជ័យ ដាក់ស្នើ ១១១ គម្រោង ទទួលបានការគាំទ្រ ២៩ គម្រោង ស្មើ ២៦,១៣% សង្កាត់ដងទង់ ដាក់ស្នើ ៨៣ គម្រោង ទទួលបានការគាំទ្រ ៣៤ គម្រោង ស្មើ ៤០,៩៦% និងសង្កាត់ស្ទឹងវែង ដាក់ស្នើ ៥៧ គម្រោង ទទួលបានការគាំទ្រ ៣១ គម្រោង ស្មើ ៥៤,៣៩%។

តាមរយៈសិក្ខាសាលា អង្គភាពពាក់ព័ន្ធបានឯកភាពបន្តពង្រឹងគុណភាពសំណើគម្រោង ផ្តល់អាទិភាពដល់គម្រោងដែលមានផលប្រយោជន៍ខ្ពស់ជូនប្រជាពលរដ្ឋ ពង្រឹងកិច្ចសហការរវាងក្រុង សង្កាត់ មន្ទីរ អង្គភាព និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបន្តកៀរគរធនធាន និងតាមដានវាយតម្លៃការអនុវត្តគម្រោងដែលទទួលបានការគាំទ្រ។

សិក្ខាសាលានេះ គឺជាយន្តការសំខាន់មួយក្នុងការធានាឱ្យ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ មានភាពសមស្រប ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅមូលដ្ឋាន៕

Leave a Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *